ដំណើរផ្សងព្រេងទៅភ្នំទំព័រ (២០២៤)

ភ្នំទំព័រ​ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣​នៅកម្ពុជា​ បន្ទាប់​ពីភ្នំឱរ៉ាល់​ និងភ្នំសំកុស។ ភ្នំ​នេះមានកំពស់​ ១៥៥១​ ម៉ែត្រ​ ស្ថិត​នៅដែនជំរកសត្វព្រៃភ្នំសំកុស​ នៃភូមិទំព័រ​ ឃុំប្រមោយ​ ស្រុកវាលវែង​ ខេត្ត​ពោធិ៍សាត់។ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រដែលបានបង្កេីតឡេីងក្នុងឆ្នាំ២០០៧ ទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល មានតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និងសម្បត្តិធម្មជាតិនៅតំបន់នោះទាំងមូល។ 

នៅថ្ងៃទី១​ យេីងចេញដំណេីរពីភ្នំពេញនៅពេលល្ងាចនិងបានទៅដល់ភូមិ​ទំព័រ​នៅម៉ោង១០យប់។​ ទោះបីភ្នំនេះមានកំពស់ទាបជាងភ្នំឱរ៉ាល់និងសំកុសក៏ពិតមែន​ តែភ្នំទំព័រ​ជាភ្នំមួយដែលគេទទួលស្គាល់ជាទូទៅថាពិបាកឡេីងជាងគេដោយសារស្ថានភាពផ្លូវចោតខ្លាំង​ និងមានចំងាយឆ្ងាយ​ និងសំបូរសត្វទៀកនៅរដូវភ្លៀងធ្លាក់។ វិធី​តែមួយគត់ដែលអាចឡេីងភ្នំនេះបានគឺតាមរយៈថ្មេីរជេីង​ដោយចេញដំណេីរពីភូមិទំព័រទៅដល់ព្រៃ​ឫស្សីជេីងភ្នំមានចំងាយប្រមាណ៣គីឡូម៉ែត្រ​។ តាមផ្លូវពីភូមិទៅជេីងភ្នំគេឃេីញមានចំការដំណាំប្រជាពលរដ្ឋជាច្រេីនដូច​ជាដំឡូង​ និងល្ហុងជាដេីម។ ចាប់ពីចំណុចចូលព្រៃឫស្សី​ ស្ថានភាព​ផ្លូវ​គឺចោតខ្លាំងតែម្តង​ ដោយមានចំងាយ១គីឡូម៉ែត្រ​ទេីបទៅដល់ជំរំទី១។   ជំរំ​ទី១​ ជាជំរំមួយ​មានទេសភាពស្អាត​ និងស្រឡះល្អ​ប៉ុន្តែ​មិនមានទឹកប្រេីប្រាស់ទេ។ សម្រាប់​អ្នកចង់ស្នាក់នៅជំរំនេះត្រូវយកទឹកពីក្រោមទៅ។ 

ចេញពីជំរំទី១​ ទៅជំរំទី២​ យេីងត្រូវដេីរឡេីងចំណោតធំៗ៣​ ដែល​សុទ្ធសឹងតែជាចំណោតខ្លាំងៗ​ ជាពិសេស​ចំណោតទី២។ ឧបសគ្គ​ត្រង់​ចំណុចនេះគឺចំណោតខ្លាំង​ ហេីយផ្លូវមានស្ថានភាពរអិលដោយសារគ្រាប់ថ្មតូចៗ​ និងស្លឹកឈេី។ កំណាត់ផ្លូវនេះមានចំងាយប្រហែល៤គីឡូម៉ែត្រ​ ដោយជាមធ្យមគេចំណាយពេលប្រមាណ២-៣ម៉ោងដេីម្បីដេីរដល់ជំរំទី២។ 

មកដល់ជំរំទី២​ ស្ថានភាពជាប្រភេទព្រៃស្រោងដែលមានដេីមឈេីធំៗខ្ពស់ៗ​។ ពីតំបន់នេះទៅដល់កំពូលភ្នំជាតំបន់ដែលសំបូរទៀកផងដែរ។ ជាទូទៅ​ គេបោះជំរំ​និងស្នាក់នៅជំរំនេះដេីម្បីឡេីងទៅកំពូលភ្នំ​។ ប៉ុន្តែ​ដោយសារគោលដៅរបស់យេីងគឺទៅពេីកវាលប្រេីស​ ដូចនេះយេីងបន្តដំណេីរទៅជំរំទី៣បន្តទៀត។ ពីជំរំទី២ដល់ជំរំទី៣​ គឺមានចំងាយប្រមាណ៣គីឡូម៉ែត្រ​ទៀត​ ដោយឆ្លងកាត់ភ្នំតូចៗ២-៣ទៀត។ គួរ​បញ្ជាក់​ផងដែរថាជំរំទី៣នេះយេីងដាក់ឈ្មោះថាជំរំ​ប៉ក់ឈុំ​ (ឈ្មោះបងប៉ក់​ និងពូឈុំ)​ ដោយយេីងទៅបោះជំរំនៅទីនោះដំបូងនៅឆ្នាំ២០២៣ពេលយេីងទៅស្វែងរកពេីកវាលប្រេីស៥​ដំបូង។ 

ក្រុមរបស់យេីងដេីរមកដល់ជំរំទី២នៅម៉ោង២រសៀលជាង​។ ក្រុមពួកយេីងចាប់ផ្តេីមការងាររៀងៗខ្លួនដោយអ្នកខ្លះធ្វេីរោងចង​អង្រឹង​ អ្នកខ្លះរៀបចំដាំបាយ​ ធ្វេីម្ហូប​ ហេីយអ្នកខ្លះទៀត​កាយដីយកទឹកប្រេី។ ដោយសារខែដែលយេីងទៅជាខែប្រាំង​ ដូចនេះមិនមានទឹកអូរសម្រាប់ប្រេីប្រាស់និងផឹកនោះទេ។ យេីងត្រូវកាយដី២​ កន្លែង​ សម្រាប់យកទឹកប្រេី។ បន្ទាប់ពីកាយហេីយយេីងទុកវាចោលប្រហែលមួយម៉ោង​ រួចមកដងទឹកដាក់ចូលធុងដោយប្រេីស្បៃចម្រោះ​ស្លឹកឈេីនិងកម្ទេចដីតូចៗ។ រួចមកយេីងយកទឹកនោះទៅដាំរឺច្រោះដោយប្រេី​ឧបករណ៍ចម្រោះទឹក។ 

នៅព្រឹកថ្ងៃទី៣​ យេីងក្រោកពីព្រលឹម​ រៀបចំវេចខ្ចប់បាយនិងទឹក​ រួចដេីរឡេីងទៅកំពូលភ្នំ។​ តាមផ្លូវជិតដល់កំពូលភ្នំយេីងប្រទះឃេីញឆ្អឹងសត្វខ្ទីងដែលព្រានព្រៃបានសម្លាប់យកសាច់។ ចេញពីទីនោះ​ យេីងបន្តទៅកំពូលភ្នំ​ ថតរូបជុំគ្នារួចបន្តទៅពេីកវាលប្រេីសទៀត។ ពីចំណុចកំពូលភ្នំ​ទំព័រ​ទៅពេីក​ យេីងដេីរតាមពួរ​ចុះចំណោតរហូត។ ស្ថានភាព​ផ្លូវ​មិនជាលំបាកណាស់ណានោះទេ។ តាមផ្លូវយេីងដេីរកាត់តំបន់ដែលសំបូរដោយដេីម​ស៊ីម្លី។ ដេីមស៊ីម្លី​ (ឈ្មោះអ្នកស្រុកហៅ)​ ជាប្រភេទ​ដេីមឈេីធំៗស្រដៀងនឹងដេីម​ច័ន្ទ​គិរីដែរ។ 

ពេីកវាលប្រេីស៥​ មានចំងាយជាង៣គីឡូម៉ែត្រពីកំពូលភ្នំ​ទំព័រ​ ដោយមានបណ្តោយ០០ម៉ែត្រ និង ទទឺង ៨៥ម៉ែត្រ។។ ពេីកនេះជាតំបន់វាលធំមួយដែលគ្របដណ្តប់ដោយស្មៅក្រាស់ខ្មឹក​ មានទឹកនៅពីក្រោម។ ទៅដល់ពេីកវាលប្រេីស៥​ យេីងបានឈប់សម្រាកបាយថ្ងៃត្រង់នៅទីនោះ​ និងបានដេីរមេីលពីម្ខាងនៃពេីកទៅចុងម្ខាងទៀត​។ យេីងប្រទះឃេីញមាន​អន្ទាក់សត្វចំនួន៣​ ដែលគេទេីបដាក់ថ្មីៗ​ ហេីយពួកយេីងក៏បានកម្ទេចអន្ទាក់ទាំងនោះចោលផងដែរ។ អន្ទាក់​ទាំងនោះជាប្រភេទអន្ទាក់ដាក់សំដៅលេីសត្វធំៗដូចជាខ្ទីង​ និងទន្សោងជាដេីម។ ពួកយេីងមានការព្រួយ​បារម្ភ​ជាខ្លាំងដោយសារទីនោះជាតំបន់ប្រជុំសត្វព្រៃជាច្រេីនមករកចំណីនិងផឹកទឹក។ ពួកយេីង​សំណូមពរ​ឱ្យមាន​ការល្បាតនៅទីនោះ​ ដេីម្បីលុបបំបាត់ការដាក់​អន្ទាក់និង​ប្រមាញ់សត្វព្រៃនៅទីនោះជា​ស្ថាពរ។ 

នៅថ្ងៃទី៤​ យេីងបាន​រៀបចំនិងសំអាតជំរំ​ និងចេញដំណេីរចុះពីភ្នំមកវិញនៅម៉ោង៩ព្រឹក។ ពួកយេីងឆៀងចូលងូតទឹកលេង​នៅអូរក្បែរជេីងភ្នំពេលចុះមកវិញ។ តាមផ្លូវដេីរទៅភូមិ​ យេីងបានជួបបប្រុសម្នាក់ជាម្ចាស់ចំការល្ហុងនៅទីនោះ។ គាត់បានឱ្យយេីងបេះល្ហុងទុំនៅចំការរបស់គាត់ទៀតផង។ 

ដំណេីរផ្សងព្រេងទៅកំពូលភ្នំទំព័រ​ និងពេីកវាលប្រេីសលេីកនេះបាន​បញ្ចប់ទៅប្រកបដោយជោគជ័យនិងសុខ​សុវត្ថិភាព​។ សូមអរគុណក្រុមការងារទាំងមូលមានដូចជា​ ថន​ ហួត​ បងប៉ក់​ ពូឈុំ​ ឡៃ​ បងរ៉េន​ ថេង​ និងហ្គាយ២នាក់ពីខ្នងផ្សារគឺបងប៉ិប​ និងបងប៉េង។