ហយអាន

ហយអាន (Hội An) ជាទីក្រុងបុរាណដ៏ស្រស់ស្អាតបំផុតក្នុងចំណោមកន្លែងដែលខ្ញុំធ្លាប់បានទៅដល់។

ជាទីក្រុងដែលស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ហយអានជាអតីតក្រុងកំពង់ផែពាណិជ្ជកម្មដ៏ធំរបស់អាណាចក្រចម្ប៉ានាសម័យបុរាណមុនពេលដែលវាត្រូវបានប្រកាសកាត់ចូលជាទឹកដីវៀតណាមជាផ្លូវការដោយអធិរាជមិញម៉ាងនាឆ្នាំ១៨៣២។

ហយអាន (会安) មានន័យថាជាទីកន្លែងជួបជុំដ៏ស្ងប់សុខ។ វាជាទីក្រុងតូចមួយមានផ្ទៃដីត្រឹមតែ៦០គីឡូម៉ែត្រការ៉េ ជាមួយនឹងប្រជាជនត្រឹមតែមួយសែនពីរម៉ឺននាក់ ហើយគ្មានព្រលានយន្តហោះ គ្មានស្ថានីយ៍រថភ្លើង ផ្ទាល់ខ្លួននោះទេ ប៉ុន្ដែវាទីក្រុងដែលសម្បូរទេសចរទៅលេងច្រើនជាងគេនៅភាគកណ្តាលវៀតណាម។ នោះក៏ដោយសារតែវាក្រុងដ៏ស្រស់ស្អាតបំផុតនៅវៀតណាម ហើយក៏ប្រហែលជាក្រុងដ៏ស្អាតដាច់គេនៅអាស៊ីផងដែរ។

ពេលទៅដល់ហយអាន អ្នកនឹងមានអារម្មណ៍ថាបានធ្វើដំណើរត្រលប់ទៅកាន់សតវត្សទី១៥ដូច្នោះដែរ។ ជាក្រុងដ៏ចំណាស់មួយ ដែលមានផ្លូវតូចៗ និងលំអដោយហាងលក់ឥវ៉ាន់ និងផ្ទះពីសម័យបុរាណ វាប្រាកដជានឹងធ្វើអោយអ្នកចាប់ចិត្តមួយរំពេច ជាពិសេសនៅពេលយប់ អ្នកនឹងបានឃើញដងផ្លូវដែលបំភ្លឺដោយគោមពណ៌ដ៏ស្រស់ស្អាត។ គ្រប់គ្នានៅក្នុងក្រុងនេះគឺធ្វើដំណើរថ្មើរជើង រឺក៏ជិះកង់។ គ្រប់យ៉ាងត្រូវបានអភិរក្សបានយ៉ាងល្អរួមទាំងកំពង់ផែ អាគារ ផ្ទះ រួមទាំងស្ពានជប៉ុនដែលត្រូវបានកសាងឡើងដោយជប៉ុននៅឆ្នាំ១៥៩៥មកម៉្លេះ។ ហេតុនេះហើយទើបក្រុងនេះត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូនៅឆ្នាំ១៩៩៩។

ដើម្បីទៅដល់ហយអាន អ្នកអាចធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញទៅក្រុងហូជីម៉ិញ។ បន្ទាប់មកធ្វើដំណើរតាមរថយន្តបន្តទៅកាន់ក្រុងញ៉ាចាង រួចបន្តទៅកាន់ក្រុងដាណាង។ ចុងក្រោយជិះរថយន្តទៅកាន់ក្រុងហយអាន។ សរុបពេលវេលាទាំងអស់ប្រហែល ៤០ម៉ោង។ ឬអ្នកអាចធ្វើដំណើរតាមយន្តហោះដោយចំណាយពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះ។