ពយម្រេចកង្កែប

ពយម្រេចកង្កែប ជាកន្លែងដ៏ស្រស់ស្អាតមួយនៅក្នុងតំបន់អារ៉ែង។ ទីកន្លែងនេះស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្រោមការអភិរក្សរបស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង។

ធ្វើដំណើរចេញពីទីរួមស្រុកថ្មបាំងប្រហែល២០គីឡូម៉ែត្រ យើងនឹងមកដល់ស្នាក់ការរបស់សហគមន៍។ បងប្អូននៅសហគមន៍ ក៏ដូចជាបងប្អូននៅទីនេះពិតជាគួរអោយស្រលាញ់ និងរួសរាយរាក់ទាក់។ បន្តចេញពីស្នាក់ការសហគមន៍បន្តិច យើងនឹងមកដល់ជើងភ្នំ។ យើងត្រូវធ្វើដំណើរដោយថ្មើរជើងឡើងទៅកាន់ពយម្រេចកង្កែប។

ស្ថានភាពផ្លូវឡើងភ្នំមិនសូវមានភាពលំបាកខ្លាំងនោះទេ សូម្បីអ្នកដែលមិនធ្លាប់ឡើងភ្នំពីមុនក៏អាចឡើងបានដែរ ដោយប្រើពេលប្រហែលជាងមួយម៉ោង។ នៅតាមផ្លូវឡើងភ្នំ យើងអាចឃើញដើមឈើធំៗជាច្រើនដោយខ្លះព្រះសង្ឃលោកបានបំបួសដើម្បីថែវាកុំអោយមានគេកាប់។ ដូចនៅតំបន់ព្រៃទៀតដែរ តាមផ្លូវនេះយើងនឹងឃើញរុក្ខជាតិតូចៗគួរអោយស្រលាញ់ដូចជាផ្កា ផ្សិត និងដើមតូចៗជាច្រើនទៀតដែលយើងអាចឃើញវាតែនៅតំបន់ព្រៃក្រាស់តែប៉ុណ្ណោះ។

នៅទីនេះមានធ្លាមួយអាចអោយយើងអង្គុយមើលទេសភាពយ៉ាងស្រស់ស្អាត។ នៅយប់ដែលខ្ញុំទៅ មេឃស្រលះល្អអាចមើលឃើញកញ្ចុំផ្កាយទៀតផង។ នៅពេលព្រឹក យើងអាចក្រោកពីព្រលឹមមើលទេសភាពពេលថ្ងៃរះដ៏ស្អាត។ អ្វីដែលខ្ញុំចូលចិត្តជាងគេគឺអង្គុយផឹកកាហ្វេមើលថ្ងៃរះជាមួយទេសភាពបែបនេះ។

តំបន់អារ៉ែងជាតំបន់អេកូទេសចរណ៍ដ៏ធំមួយនៅកម្ពុជា ក៏ដូចជានៅអាស៊ីអាគ្នេយ៍ទាំងមូល។ វាមានទីកន្លែងទេសចរណ៍ទាំងអស់៦៤កន្លែង។ ក្រៅពីពយម្រេចកង្កែប នៅមានទឹកជ្រោះ (អ្នកស្រុកនៅទីនេះប្រើពាក្យ ឆាយ) ច្រើនកន្លែងទៀតដោយខ្លះមានកម្ពស់ដល់ទៅ៧៥ម៉ែត្រ។ តំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលនេះត្រូវបានអភិរក្សនិងការពារដោយបងប្អូនអ្នកស្រុកក្នុងតំបន់ដោយបានបង្កើតជាសហគមន៍មួយឈ្មោះថា សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង។ សហគមន៍នេះបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូនអ្នកស្រុក ក៏ដូចជាការពារថែរក្សាធម្មជាតិនៅទីនេះអោយគង់វង្សបន្តទៀត។ យើងអាចចូលរួមថែរក្សាអ្វីៗនៅទីនេះតាមរយៈការមកលេងទីនេះដោយប្រើប្រាស់សេវាទេសចរណ៍របស់សហគមន៍ដូចជាមគ្គុទ្ទេសក៍ ការស្នាក់នៅជាដើម។